បន្ទាប់ពីត្រូវបានអភិវឌ្ឍអស់រយៈពេលយ៉ាងយូរ Google Translate ភាសាខ្មែរ បានចេញរូបរាងជាផ្លូវការហើយ នាថ្ងៃទី ១៩ មេសា ២០១៣ នេះ។ កម្មវិធីបកប្រែរបស់ Google នេះ ដំណើរការជាមួយ Khmer Unicode។ លោក ហេង សុវណ្ណ ដែលជាអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Google ប្រចាំប្រទេស និងដែលចូលរួមដំណើររៀបចំកម្មវិធីបកប្រែនេះបានបញ្ជាក់ថា ការងារបង្កើតឱ្យមានការបកប្រែនេះគឺបានរៀបចំឡើងរយៈពេលប្រហែល៥ឆ្នាំមកហើយ នេះបើតាម ភ្នំពេញប៉ុស្ដិ៍។ បើទោះបីជា នៅមានភាពខុសឆ្គងក្នុងការបកប្រែខ្លះក៏ដោយ ក៏នេះអាចបង្ហាញឱ្យឃើញពីការបោះជំហានមួយថ្មីរបស់កម្ពុជា និងភាសាខ្មែរ ទៅកាន់ពិភពលោក។ ដើម្បីសម្រួលដល់ការបកប្រែឱ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធិភាព «ខំរៀន» សូមសំណូមពរដល់អ្នកដែលបានប្រើប្រាស់ Google Translate ហើយបានឃើញនូវកំហុសលើការបកប្រែ សូមធ្វើការកែតម្រូវនៅឃ្លានោះ ដោយចុចលើឃ្លានោះ ហើយកែតម្រូវវា។