ភ្នំពេញ ៖
មន្ត្រីជាន់ខ្ពស់កម្ពុជាទទួលបន្ទុកកិច្ចការព្រំដែន
បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់ក្រុមហ៊ុន
អ៊ីនធើណែត ឈ្មោះ Google ដែលថា ផ្ទៃក្រឡាប្រទេសកម្ពុជា
បច្ចុប្បន្ននេះ បានបាត់បង់ចំនួន៣៥គីឡូម៉ែត្រ
ទៅក្នុងទឹកដីប្រទេសវៀតណាមនោះ គឺជាការផ្សព្វផ្សាយពុំត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
ប្រធានគណៈកម្មការកិច្ចការព្រំដែនទូទៅ របស់រាជរដ្ឋាភិបាលកម្ពុជា
នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣
បានមានប្រតិកម្មធ្វើច្រានចោលនូវការនូវការផ្សព្វផ្សាយព័ត៌មានរបស់
ក្រុមហ៊ុន អ៊ីនធើណែត ឈ្មោះ Google ដែលថា
ផ្ទៃក្រឡាប្រទេសកម្ពុជា បាត់ ៣៥ គីឡូម៉ែត្រ ការ៉េនោះ
គឺជាការផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ និងពុំត្រឹមត្រូវ ។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ កុំអោយទៅជឿលើទិន្នន័យរបស់
Google ពេក ព្រោះក្រុមហ៊ុននេះ កុហកមួយជីវិតទៅហើយ។
លោក ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
បានមានប្រសាសន៍បន្តថា
ការបោះពុម្ពផែនទីខ្សែបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា
និងប្រទេសវៀតណាម គឺក្រុមការងារបច្ចេកទេស
កំពុងតែធ្វើការពុំទាន់បានបញ្ចប់នៅឡើយទេ
ហើយក្រុមការងារបច្ចេកទេសបានធ្វើកិច្ចការនេះ ដោយប្រយ័ត្ន
មិនមែនចេះតែធ្វើនោះទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ធ្លាប់បានធ្វើការពន្យល់បកស្រាយ នៅក្នុងរដ្ឋសភាជាតិ
អស់រយៈពេលជា៥ម៉ោង កាលពីពេលថ្មីៗមានខ្លឹមសារគ្រប់គ្រាន់ហើយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា
ព្រំដែនជាមួយប្រទេសវៀតណាម ធ្វើមិនទាន់រួចទេ
បោះបង្គោលក៏មិនទាន់រួចខណ្ឌព្រំសីមា ក៏មិនទាន់រួច
ផែនទីព្រំដែនយើង កំពុងតែឲ្យប្រទេសទី៣ មកពីអឺរ៉ុប
កំពុងតែធ្វើ មិនទាន់រួច ដូច្នេះត្រូវការប្រើពេលវេលាវែងឆ្ងាយ។
គួរបញ្ជាក់ថា
ក្រុមហ៊ុនអ៊ីនធើណែត ឈ្មោះ Google របស់សហរដ្ឋអាមេរិក
បានធ្វើការផ្សព្វផ្សាយជាសាធារណៈថា ផ្ទៃដីប្រទេសកម្ពុជា
បច្ចុប្បន្ន បានបាត់៣៥គីឡូម៉ែត្រការ៉េ ទៅលើប្រទេសវៀតណាម
បើប្រៀបធៀបទៅនឹងផ្ទៃដី ដែលបានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រ
ដែលតម្កល់នៅ អង្គការសហប្រជាជាតិ
កាលពីពេលមុនដែលមានផ្ទៃក្រឡា១៨១.០៣៥គីឡូម៉ែត្រការ៉េ។
ប៉ុន្តែត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា ច្រានចោលចំពោះព័ត៌មាន
គឺជាព័ត៌មានមិនពិត ៕